-->

ទិដ្ឋភាពនៃការស្ថាបនា​សសរស្ពានអ្នកលឿង ពីក្រោម​ផ្ទៃទឹក

ខាងក្រោមនេះ ជារូបថត​មួយចំនួន ដែលមិត្តភក្តិធ្វើការ​នៅ​ខាង​ស៊ីម៉ាក់​ដោះមីន បាន​ផ្ញើ​មកអោយ​ខ្ញុំ តាំង​ពី​ក្នុង​អំឡុង​​ពាក់​កណ្តាល​ឆ្នាំ២០១២, ជារូបថត​ទាក់ទង​នឹង​កិច្ចប្រតិបត្តិការ​បោសសំអាត​គ្រាប់​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​បាត​ទន្លេ​, ត្រង់កន្លែង​​សសរ​ធំ​ទាំង​ពីរ​​​ នៃ​សំណង់​ស្ពាន​អ្នក​លឿង…។ ដោយ​កាលពីម្សិលមិញ ខ្ញុំ​បាន​អាន​ព័ត៌មាន​​នៅ​គេហទំព័រ​ក្នុង​ស្រុក​មួយ ដែល​និយាយ​ទាក់ទង​ដល់​ការ​​ស្ថាបនា​ស្ពាន​អ្នកលឿង, ហើយ​ក្នុង​ព័ត៌មាន​​អះ​អាង​ថា បាន​​រក​ឃើញ​គ្រាប់​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​ រហូត​ដល់​ទៅ​ជិត ៥ពាន់​គ្រាប់ ទាំង​ក្នុង​ទឹក​ និង​ទាំងនៅលើ​គោក ទើប​ធ្វើ​អោយ​ខ្ញុំ​នឹក​ឃើញ​ដល់​រូបថត​ទាំងឡាយ ដែល​ខ្ញុំ​បាន​រក្សា​ទុក ហើយ​សម្រេច​ចិត្ត​ចុះផ្សាយ​តែ​ម្តង​ទៅ និង​ដើម្បី​រក្សា​ទុក​ជា​ឯកសារ​នៅ​ទីនេះ​ផង…។ មាន​ចំណុច​មួយ​ដែល​ខ្ញុំ​ចាប់អារម្មណ៍, តាម​រយៈរូបភាព​បង្ហាញ​ថា កុំថាឡើយ​ខ្មែរ​ដែល​មាន​ជំនឿ​អុជធូប​បន់ស្រន់, សូម្បីតែ​វិស្វករ​ជប៉ុន ក៏​ត្រូវ​​តែ​មក​អុជ​ធូប​បន់​ស្រន់​សុំ​សេចក្តី​សុខ​សប្បាយ ​មុន​ពេល​ដាក់​ម៉ាស៊ីន​ខួង​ចុះ​ទៅ​ក្នុង​ផ្ទៃ​បាត​ទន្លេ​ដែរ។ ចំពោះ​ឈ្មោះស្ពាន​អ្នក​លឿង​វិញ ខ្ញុំទើប​តែដឹង​​នៅ​ព្រឹក​ថ្ងៃ​សម្ពោធ​នេះទេ គឺ​ស្ពាន​នេះ​មាន​ឈ្មោះជា​ផ្លូវ​ការ​ថា ស៊ឺបាសា (ជាអក្សរជប៉ុន ツバサ និង​សរសេរ​ជា​ឡាតាំងគឺ Tsubasa)… មិនដឹងថា តើឈ្មោះនេះ​មានន័យ​យ៉ាង​​ម៉េច​ដែរទេ​?.. បើ​អស់​លោក​ណា​ដឹង សូម​ជួយ​ប្រាប់​ផង… :-D មើល​តាម​គំនូស​ប្លង់, សសរស្ពាន​ធំទាំង​ពីរ​ដែល​យោង​ខ្សែ​កាប្លិ​នៅ​កណ្តាល​ទន្លេ ត្រូវ​បាន​ស្ថាបនា​ឡើង​ចំលើ​ទីតាំង​ដែល​សម្បូរ​ទៅ​ដោយ​គ្រាប់​យុទ្ធភ័ណ្ឌ​​មិន​ទាន់​ផ្ទុះ ។​ ដោយ​​ហេតុនេះ ការប្រឈម​នឹង​​កាកសំណល់​នៃ​សង្រ្គាម​ទាំង​អស់​នោះ បាន​បង្ក​ជា​បញ្ហា​ព្រួយ​បារម្ភ​ដល់​ក្រុម​វិស្វករ​ជប៉ុន ដែល​អាច​នឹង​មិន​សម្រេច​ទៅ​តាម​ផែនការ​ដែល​បាន​គ្រោង​ទុក។ តែ​កិច្ចការ​ទាំងអស់​នោះ ត្រូវ​បាន​​ខាង​ស៊ីម៉ាក់ ដោះ​ស្រាយបាន​ដោយ​រលូន​ ប្រកប​ដោយ​ប្រសិទ្ធភាព និង​មាន​សុវត្ថិភាព​​បំផុត។ ​ជាការពិត, ទីតាំង​ស្ពាន​អ្នក​លឿង សម្បូរ​ទៅ​ដោយ​គ្រាប់​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ ច្រើន​ប្រភេទ​ណាស់។ តាម​ប្រវតិ្តនៃ​សង្រ្គាម​ស៊ីវិល​ក្នុង​ប្រទេស​យើង, តំបន់​អ្នកលឿងនេះ គឺ​ជា​សមរភូមិ​ក្តៅ​គគុក ដោយ​រាប់​ចាប់​ពីព្រឹត្តិការណ៍​​យន្តហោះ បេ៥២ របស់​ទព័​អាកាសសហរដ្ឋ​អាមេរិក បាន​ទម្លាក់​ខុស​គោលដៅ មក​ចំ​លើ​ទីប្រជុំជន​អ្នក​លឿង​ឆេះខ្ទេច​ម៉ត់ (ដូចមាន​នៅ​ក្នុង​រឿង​វាល​ពិឃាត ឬ The Killing Fields)​, ការពួនស្ទាក់​វាយ​ប្រហារ​ដោយ​កងទ័ព​រំដោះ ដើម្បី​បាញ់​ពន្លិច​នាវា​ដឹក​ស្បៀង និង​គ្រាប់​រំសេវ ​របស់​របប​លោក​ លន់នល់, ​ការ​វាយ​ប្រយុទ្ធ​ស៊ីសាច់​ហុត​ឈាម​គ្នា រវាង​កងទ័ព​រំដោះ និង​ទាហាន​លន់ នល់ ដើម្បី​ដណ្តើម​​កាន់​កាប់​តំបន់​​អ្នក​លឿង​ត្រើយ​ខាង​លិច នា​ដើម​ខែ​មេសា ឆ្នាំ​១៩៧៥, និង​ចុង​ក្រោយ គឺ​ការ​ទប់​មុខ​ព្រួញ​​កងទ័ព​វៀតណាម ដើម្បី​កុំ​អោយ​រុល​ឡើង​ច្រាំង​អ្នក​លឿង​ត្រើយ​ខាង​លិច ដោយ​​កងទ័ព​ខ្មែរ​ក្រហម ​នា​ថ្ងៃទី ៦ ខែមករា ឆ្នាំ១៩៧៩…។ កាលណោះ ខ្ញុំនៅចាំ​បាន​ថា ក្នុង​យប់​ថ្ងៃ​ទី ៦មករា ១៩៧៩, កងចល័ត​ខ្ញុំ កំពុង​ស្ថិត​​នៅ​វាល​បឹងមួយជិត​ឃុំ​ប្រាសាទ ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពីខាង​លិច​ស្រុក​លើក​ដែក។ ក្នុង​យប់​នោះ ខ្ញុំ​ឮសម្លេង​គ្រាប់​ផ្ទុះ​(អាចជា​ការ​ឆេះផ្ទុះ​ឃ្លាំង​​​គ្រាប់) ​នៅ​តំបន់​អ្នក​លឿង​នេះ​មួយ​​យប់​ទល់​ភ្លឺ ហើយ​ការ​ផ្ទុះ បាន​ធ្វើ​អោយ​ផ្ទៃ​មេឃប៉ែក​ខាងកើត ប្រែពណ៌​ទៅ​ជា​​ក្រហមសឹង​​មួយ​ចំហៀង​មេឃ…៕ប្រភព

0 Response to "ទិដ្ឋភាពនៃការស្ថាបនា​សសរស្ពានអ្នកលឿង ពីក្រោម​ផ្ទៃទឹក"

Post a Comment

Interest relate

loading...

Entri Populer